១. ការជ្រើសរើសពូជ និងការត្រៀមពូជដាំ ល្ហុងដែលគាត់ដាំ ជាពូជដែលជ្រើសរើស និងរក្សាទុកដោយខ្លួនឯង ។ ចំពោះលក្ខណៈពូជដែលគាត់ជ្រើសរើសមានផ្លែធំវែង ផ្លែច្រើមិនដាច់ដើមមានសុខភាពល្អ ។ នៅពេលដែលផ្លែទុំល្អ គាត់ពុះយកគ្រាប់ចេញពីផ្លែទៅលាងទឹកឲ្យជ្រះរំអិល រួចយកទៅហាល ឬសំដិលរហូតស្ងួត (២-៣ ថ្ងៃ) ទើបយកទៅច្រកកែវទុក ។ ២. ការបណ្តុះកូន គាត់បានយកគ្រាប់ទៅបណ្តុះ មុននឹងយកទៅដាក់ដាំក្នុងចំការ ។ គាត់យកដីដែលមានជីជាតិច្រកចូលក្នុងថង់ប្លាស្ទិកខ្មៅដែលត្រៀមរួចជាស្រេច បន្ទាប់មកយកគ្រាប់ទៅត្រាំទឹករយៈពេល ២ ថ្ងៃ និងផ្អាប់ទុករយៈពេល ៧ ថ្ងៃ (ឲ្យដុះពន្លកសៗ) ទើបយកទៅដាក់ដាំនៅក្នុងថង់ពី ៣-៤ គ្រាប់ ក្នុង ១ ថង់ ។ ក្រោយពីដាក់គ្រាប់បណ្តុះហើយ គាត់ស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ ដើម្បីឲ្យកូនល្ហុងលូតលាស់ល្អ ។ ចំពោះថ្នាលបណ្តុះកូន គាត់បានប្រក់រោងសំណាញ់ដើម្បីកុំឲ្យកូនល្ហុងត្រូវពន្លឺខ្លាំងពេក ។ ៣.ការរៀបចំដីដាំ ក្នុងការរៀបចំដីដាំ គាត់ភ្ជួរហាលដី ៤-៥លើក ដោយចន្លោះពីមួយលើកទៅមួយលើកមានរយៈពេល ១០ ថ្ងៃ ។ នៅពេលភ្ជួរលើកទី ១ គាត់បានដាក់ជីលាមកសត្វពុកផុយ ១,៥ ទៅ ២ តោន ភ្ជួរលុបលើផ្ទៃដី ១៣ អារ ។ ក្រោយពីភ្ជួររាស់ហាលដី រួចគាត់លើកជារងដែលមានទទឹង ១,៥ ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដី ។ នៅលើរង គាត់ជីករណ្តៅជាជួររណ្តៅ និមួយៗទំហំ ៣ តឹកបួនជ្រុង និងជំរៅ ៣ តឹក ដោយទុកចន្លោះពីររណ្តៅមួយទៅមួយ ២,៥ ម៉ែត្រ ។ នៅក្នុងរណ្តៅនិមួយៗ គាត់ដាក់ជីលាមកសត្វពុកផុយច្របល់ជាមួយដីឲ្យសព្វ ។ ៤.ការដាំ គាត់ចាប់ផ្តើមយកកូនល្ហុងទៅដាំនៅចុងខែមេសា ឬដើមខែឧសភា ដែលជាដើមរដូវ ដើម្បីកាត់បន្ថយការស្រោចទឹក ។ កូនល្ហុងដែលគាត់យកមកដាំមានអាយុ ៤៥ ថ្ងៃ គាត់បានហែកថង់ចេញ រួចដាក់ក្នុងរណ្តៅ បន្ទាប់មកយកដីនៅមាត់រណ្តៅលុបសង្កត់ឲ្យណែន រួចយកកំទេចចំបើងគ្របជុំវិញគល់ និងស្រោចទឹកឲ្យជោគ ។ ក្នុងមួយរណ្តៅដាំមួយដើម ដោយជ្រើសរើសយកតែកូនល្ហុងដែលមានសុខភាពល្អ ។ ៥.ការថែទាំ នៅពេលល្ហុងនៅតូច គាត់ស្រោចទឹក ១ ថ្ងៃម្តង ដោយប្រើទុយយោបាញ់នៅលើស្លឹករហូតដល់ល្ហុងធំចេញផ្កាគាត់បញ្ចូលទឹកនៅតាមចន្លោះរង ៣ ថ្ងៃម្តង លៃយ៉ាងណាកុំឲ្យដីស្ងួតពេក ឬសើមពេក ។ ក្រៅពីការស្រោចទឹក គាត់ឧស្សាហ៍ពូនគល់ គឺនៅពេលដែលសង្កេតឃើញឫសល្ហុងមួយចំនួនដុះលើផ្ទៃដី និងក្រោយការប្រមូលផលលើកទី ២ ។ ល្ហុងជាដំណាំដែលត្រូវការពន្លឺថ្ងៃដូច្នេះគាត់បានកាច់មែកងាប់ៗនៅក្បែរគល់ប្រមូលចោល និងធ្វើស្មៅក្បែរគល់ ដើម្បីកុំឲ្យមានភាពស៊ុបទ្រុបឲ្យពន្លឺចាំងចូលគ្រប់គ្រាន់ ។ អ្នកមីងបានប្រើជីកែង ចំនួន ៥ គីឡូក្រាម សម្រាប់បំប៉នដោយដាក់នៅក្បែរគល់មួយរណ្តៅបន្តិចៗ ។ ក្នុងការដាំល្ហុងនេះ គាត់តែងជួបប្រទះនូវសត្វល្អិត និងជំងឺមួយចំនួនដូចជា ជំងឺរលួយគល់ ធ្វើឲ្យស្លឹកស្រពោន រលួយឫស និងគល់ត្រឹមស្មើដីតែម្តង ជំងឺពុកឫសកែវធ្វើឲ្យស្លឹកឡើងលឿង និងបញ្ឈប់ការចេញផ្លែ ជំងឺឆ្កួតត្រួយ ធ្វើឲ្យត្រួយរួញ ហើយផ្អាកការចេញផ្លែ ។ ចំពោះវិធានការណ៍កំចាត់ បើល្ហុងនៅតូចគាត់ ដកដើមចោល ឬ កាត់ស្លឹក ឬ ត្រួយដែលកើតជំងឺចោល ។ ចំពោះសត្វល្អិតមានក្រាមរោមផ្លែ ដែលធ្វើឲ្យផ្លែមិនសូវលូតលាស់ ហើយគ្មានរសជាតិ ។ ករណីសត្វក្រារោមផ្លែគាត់មិនទាន់ មានវិធានការណ៍កំចាត់ទេ ប៉ុន្តែវាកើតមានតិចតួច ប៉ុណ្ណោះក្នុងចំការរបស់គាត់ ។ ៦.ការប្រមូលផល ក្រោយពេលដាំបានរយៈពេល ៥ខែ គាត់ប្រមូលផលផ្លែល្ហុងចាស់លក់ ។ ការបេះ ធ្វើឡើងបន្តបន្ទាប់ក្នុងរយៈពេល ៦ខែ ទៅ ១ឆ្នាំ ក្រោយពីបេះលើកទី ១ រហូតដល់ខ្សោយ ទើបគាត់កាប់ដើមចាស់ចោល និងដាំថ្មីឡើងវិញ ។ តាមការប៉ាន់ស្មានរបស់គាត់ ជាសរុបគាត់បេះលក់បានប្រមាណ ១២ តោន (ល្ហុងខ្ចី) ។ ហើយបើទូទាត់លើការចំណាយ គាត់ទទួលបានចំណូលសុទ្ធ ២-៣ លានរៀល ។ ៧.ចំណាប់អារម្មណ៍របស់កសិករ អ្នកមីងមានចំណាប់អារម្មណ៍ថា គាត់ពេញចិត្តនឹងទិន្នផលដែលគាត់ទទួលបាន ។ ការដាំល្ហុងចំណាយពេលថែទាំតិចជាងការដាំបន្លែ រីឯផលដែលបានមកងាយស្រួលលក់ ហើយគាត់សង្ឃឹមថា ទៅថ្ងៃមុខ គាត់នឹងអាចទទួលបាននូវបច្ចេកទេសថ្មីល្អៗ មកអនុវត្តន៍លើចំការរបស់គាត់ ដើម្បីឲ្យទទួលផលកាន់តែខ្ពស់ ។ សរុបមក បច្ចេកទេសសំខាន់ៗ ក្នុងការដាំល្ហុងមាន: - ជ្រើសរើសពូជដែលមានផ្លែធំវែង និងទុំល្អទុកធ្វើពូជ - បណ្តុះគ្រាប់ និងថែទាំឲ្យកូនល្ហុងមានសុខភាពល្អ មុនយកទៅដាំក្នុងចំការ - ភ្ជួរដីហាលច្រើនសារឲ្យដីធូរ និងស្ងួតទឹក - រៀបចំរណ្តៅជាជួរដាំនៅពេលមានអាយុ ៤៥ ថ្ងៃ ដោយជ្រើសរើសតែកូនមានសុខភាពល្អ - ថែទាំគ្រប់គល់ ពូនគល់ បោចស្មៅ និងកាច់ស្លឹកងាប់ៗនៅខាងក្រោមចោលស្រោចទឹកពេលល្ហុងនៅតូច និង ៣ ថ្ងៃម្តង ពេលផ្កា ។ រក្សាសិទ្ធគ្រប់យ៉ាងដោយខេមបូឌាអេចបេ្រសញូស៏ ២០០៨
0 comments:
Post a Comment