វិធីដើម្បីដាំខ្ទឹមបារាំងឲ្យបានមើមច្រើន



វិធីដើម្បីដាំខ្ទឹមបារាំងឲ្យបានមើមច្រើន ជាទូទៅកសិករយើងដាំខ្ទឹមបារាំងទទួលបានមើមតែ ១ ប៉ុណ្ណោះក្នុងមួយដើម ។ ប៉ុន្តែនៅពេលនេះ ខ្ញុំមានបទពិសោធន៍ ប្លែកមួយដែលអាចដាំខ្ទឹមបារាំងឲ្យទទួលបានមើមច្រើន ។ បទពិសោធន៍នេះទទួលបានពីកសិករវៀតណាមម្នាក់ ដែលមានឈ្មោះ ថា គ្ហន គាត់រស់នៅប្រទេសវៀតណាម សង្កាត់លេខ ៤ ខេត្តដាឡាត់ មកបង្ហាញជូនដូចតទៅ : ១. អំពីពូជ ខ្ទឹមបារាំងជាដំណាំដែលពិបាករក្សាទុកពូជណាស់ សូម្បីតែលោកពូជ គ្ហន ដែលធ្លាប់មានបទពិសោធន៍ក្នុងការដាំ និង រក្សាពូជជាច្រើនឆ្នាំក៏មិនអាចរក្សាទុកពូជបានល្អដែរ ។ ពូជដែលគាត់បានដាំនេះគឺទិញមកពីប្រទេសតៃវ៉ាន់ ។ ពូជនេះធន់នឹងតំបន់ ដាំដុះរបស់គាត់ដែលជាតំបន់ត្រជាក់ ។ ២. អំពីបច្ចេកទេសដាំ លោកពូបានប្រាប់ឲ្យដឹងពីបច្ចេកទេសដាំដើម្បីឲ្យបានទទួលផលខ្ពស់ថាក្នុងការដាំខ្ទឹមបារាំងគឺគាត់បានយកគ្រាប់ដែល ទិញពីតៃវ៉ាន់នោះមកសាបនៅលើថ្នាល ។ បន្ទាប់មក ទើបដកកូនយកទៅស្ទូងនៅលើរង ។ ក្នុងពេលនេះមើមដែលទទួលបានពីការ ដាំដោយគ្រាប់ផ្ទាល់បានតែមួយទេក្នុងមួយដើម ។ ការដាំនៅលើកទី ២គឺគាត់យកមើមដែលបានដាំពីគ្រាប់យកទៅដាំបន្តពេលនោះ ក្នុង ១ ដើម ទទួលបានពី ៣ ទៅ ៥ មើម ។ តាមបទពិសោធន៍របស់គាត់កន្លងមក ការដាំលើកទី ២ នេះប្រសិនបើយើងយកមើម តូចមកដាំក៏ទទួលបានមើមតែ ១ ដែរក្នុងមួយដើម ។ តែបើយើងយកមើមធំបន្តិចបានមើមពី ២ ទៅ ៣ ក្នុងមួយដើមតែបើយើងយក មើមធំមែនទែនមកដាំទទួលបានមើមទី ៤ ទៅ ៥ ក្នុងមួយដើម ។ នៅពេលដែលយើងយកមើមដែលប្រមូលបានពីលើកទី ២មកដាំ នៅលើកទី ៣ ទៀតវានឹងក្លាយ ហើយក្នុងមួយដើមទទួលបានមើម ១ ដដែល (ទិន្នផលដូចនៅពេលដាំដោយគ្រាប់ដំបូង) ។ មើមដែលបានទទួលពីការដាំដោយគ្រាប់ត្រូវរក្សាទុកពូជ ហើយរៀបដាក់នៅក្នុងបន្ទប់ ឬរោង ដែលមានធ្នើរ (នៅលើធ្នើរទី ២ ឬទី ៣) ដើម្បីកុំឲ្យសំណើមពីដីជះមកធ្វើឲ្យឫសដុះខូចគុណភាពមើម ។ ក្រោយពីដាំល្ហុងបានពី ១០ ទៅ ១៥ ថ្ងៃមក គាត់ចាប់ដាំសាលាដ៍ប៉ិ នៅលើរងដែលមានចន្លោះគុម្ព ១ តឹក ។ សរុបមក ដើម្បីដាំខ្ទឹមបារាំងឲ្យបានទិន្នផលខ្ពស់ ត្រូវយកចិត្ត ទុកដាក់នូវចំណុចមួយចំនួនដូចខាងក្រោម : • មើមដែលបានដាំពីគ្រាប់ផ្ទាល់ដំបូង បើយើងចង់ទុកធ្វើពូជបន្ត ត្រូវជ្រើសរើសតែមើមធំៗ និងល្អគ្មានការបំផ្លាញពី សត្វល្អិត ជំងឺ ទើបទទួលបានផលច្រើន • រក្សាទុកមើមដាំបន្តនៅលើកទី ២ ត្រូវរក្សាទុកក្នុងរោង លើធ្នើរឲ្យខ្ពស់ផុតពីដី (ធ្នើរទី ២ ឬទី ៣) ដើម្បីកុំឲ្យសំណើម ដីជះ មកធ្វើឲ្យដុះឫសខូចគុណភាពមើម • កុំយកមើមដែលបានមកពីការដាំលើកទីពីរមកដាំបន្តទៀត ព្រោះការដាំលើកទី ៣ វានឹងក្លាយហើយមើមដែលទទួល បានតែ ១ ប៉ុណ្ណោះក្នុងមួយដើម ។ ដូចនេះ បងប្អូនកសិករដែលប្រកបមុខរបរដាំខ្ទឹមបារាំង សូមសាកល្បងនូវបទពិសោធន៍ខាងលើនេះកុំបីខាន ៕ រក្សាសិទ្ធគ្រប់យ៉ាងដោយខេមបូឌាអេចបេ្រសញូស៏ ២០០៨

No comments:

Post a Comment